អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ ដើម្បីសាងសង់ស្តូបវិមានឈ្នះ ឈ្នះ នៅខេត្តកោះកុង
18th January 2021, 3:15 pm

កោះកុង៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នាថ្ងៃទី ១៦ខែមករា ឆ្នាំ ២០២១នេះ បានអញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យជុំវិញទីតាំងការដ្ឋាន ដែលកំពុងដំណើការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិតនៅមុខអាស្រមលោក យាយម៉ៅ ជាប់ផ្លូវជាតិលេខ៤៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ រួចសម្ដេចបន្តអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។

 

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានផ្តល់អនុសាសន៍ណែនាំ និងប្រគល់ប័ណ្ណសរសើរ ជូនសប្បុរសជនជាតិ-អន្តរជាតិ ដែលបានជួយគាំទ្រដល់គំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។

 

ក្នុងឱនោះសម្តេចពិជ័យសេនា បានសម្តែងការកោតសសើរ និងថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង និងសប្បុរសជនដទៃទៀត ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់គំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅក្នុងទឹកដីខេត្តកោះកុង និងបានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ដល់ទៅ ២០ម៉ឺនដុល្លារអាមេរិក និងមានជាបន្តបន្ទាប់ទៀត។

 

បើតាមមតិស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ដោយលោកនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងអនុប្រធានគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នាពេលនេះជិតឈានដល់សម្រេចផែនការជាងពាក់កណ្តាលហើយ និងមានការចូលរួមឧបត្ថម្ភពីសប្បុរសជនក្នុង និងក្រៅស្រុក មានទំហំទឹកប្រាក់ជិត ៣លានដុល្លារអាមេរិក ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនដុល្លារអាមេរិក៕










YOU MAY LIKE