អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ប្រកាសឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយដល់ពលរដ្ឋកំលុងពេលបិទខ្ទប់
27th April 2021, 9:57 pm

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ កំលុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ជំនួសមុខឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏មនុស្សធម៌របស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ ដែលបានចែករំលែកទៅកាន់ប្រជាពលរដ្ឋស្ថិតក្នុងគ្រាដ៏លំបាក នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដែលកន្លងមកតែងតែចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៌ និងសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង កាលពីពេលកន្លងមក អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះដោយសារការរលំបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕











YOU MAY LIKE