ក្រុមហ៊ុន Royal Group ផ្តល់សំណងគោលនយោបាយជូនពលរដ្ឋ រងផលប៉ះពាល់ពីគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ
28th July 2020, 2:28 pm

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន រ៉ូ យ៉ាល់ គ្រុប (Royal Group) បានបើកកិច្ចប្រជុំដោះស្រាយសំណងគោលនយោបាយ ជូនប្រជាពលរដ្ឋ ៥៨គ្រួសារ ដែល រងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង, ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អាជ្ញាធរដែនដី, ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង ៥៨គ្រួសារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្បទានអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖

* ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖
- សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់
- សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផង
- សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម
- ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ
- អនុស្ថានីយអគ្គិសនីរបស់រោងចក្រ
- បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឲ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

* រោងចក្រនេះមាន អនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់ ៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយ។

* ការដាកឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ដោយម៉ាស៉ីនទី១ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៉ីនទី២ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤។ រយៈពេលសម្បទាន៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ចំណែកថ្លៃលក់អគ្គិសនី ០,០៧២៩២ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕



អត្ថបទទាក់ទង