ភ្នំពេញ÷ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងគណៈប្រតិភូ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និងជាប្រធានក្រុមប្រឹក្សាធនាគារ Wing បានកោតសរសើរចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខណ្ឌទាំង ១៤ ដែលបានជួយគិតគូរពីសុខភាពពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាកូវីត ១៩ និងម៉្យាងទៀត ក៏ជួយសម្របសម្រួលដល់វិស័យឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ។
ទាក់ទិននឹងមូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ), អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និងជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានបញ្ជាក់ថា មូលនិធិនេះ ជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញដែលមានជីវភាពនៅមានកម្រិតឱ្យទទួលបានការហូបចុក និងការរស់នៅដោយសមរម្យ។
យោងតាមប្រភពព័ត៌មានដែលបានដកស្រង់សម្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានឱ្យដឹងថា មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែនហើយសម្តេចក៏ជាប្រធានកិត្តិយស, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។
មូលនិធិត្រីចក្រយានកម្ពុជា តែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់ ៧ពាន់រៀល ក្នុងរយៈពេល១០ថ្ងៃ ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណប.ស.ស ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
លោក អ៊ីម សម្បត្តិ ដែលជាប្រធានសមាគមស៊ីក្លូ បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថា ការបង្កើតមូលនិធិត្រីចក្រយានកម្ពុជាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមានការចូលរួមពីសប្បុរសជននានា គឺជាបង្ហាញការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រាប់ទុក្ខលំបាករបស់អ្នកធាក់ស៊ីក្លូ ដែលប្រកបរបរការងារក្រៅប្រព័ន្ធ ។
លោក អ៊ីម សម្បត្តិ បានបន្តថា បច្ចុប្បន្នមានអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ចំនួន ៣០០នាក់ ដែលកំពុងប្រកបរបរនេះ ហើយក្នុងដំណាក់កាលកូវីដ១៩ ជាសកលនេះ អ្នកធាក់ស៊ីក្លូនៅភ្នំពេញក៏ប្រឈមបញ្ហាខ្លាំងផងដែរ ចំពោះជីវភាព របស់ពួកគាត់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងមួយឆ្នាំ មូលនិធិត្រីចក្រយាន អាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង ៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕